ភ្នំពេញ៖ នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួ​លបានភ្ញៀ​វទេ​សច​រ​សរុប​ជាង១លាន១សែននាក់ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃ​ទី​០១ ខែមករា ឆ្នាំ២០២២នេះ។

 លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្ល​ងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេ​សចរ​សរុ​បមា​​នចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀ​វបរ​ទេ​សផ្ទៃក្នុ​ង​មានចំនួន៥,៧៥៤នាក់។

 លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា យោងតាមតួលេខខាងលើឃើញថាមានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ ចំពោះរាជធានីភ្នំពេញ តាមកា​រវាយតម្លៃបឋមរបស់អាជ្ញាធរ មានប្រជាពលរដ្ឋជាង៣៦ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា វិមានឈ្នះ-ឈ្នះ និងព​ហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។

 លោកបានបញ្ជាក់ដែរថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍​បានខិតខំអនុវត្ត​វិធាន​សុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និង​ណែ​នាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើមមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណា​មួយកើត​ឡើង​គួរកត់ស​ម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកម្លាំង​​ប្រចាំ​ការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។

 បើតាមលោក ថោង ខុន បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋនឹងបន្ត​ដើរកម្សាន្ត​នៅតា​​មគោលដៅ​ទេសចរណ៍នានារហូតដល់ចុងសប្តាហ៍នេះ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ