សម្ដេចក្រឡាហោម ស ខេង ៖ ការដោះស្រាយបញ្ហានានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺបំរើផលប្រយោជន៍ពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការដោះស្រាយបញ្ហានានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា «ព្រឹត្តិការណ៍សំខាន់ៗ នៅកម្ពុជាឆ្នាំ២០២២ខាងមុខ រួមមាន ៖ ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដែលជាឱកាសថ្មីមួយទៀត នៃការលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិធ្វើជាម្ចាស់របស់មូលដ្ឋាន ក្នុងការដោះស្រាយបញ្ហានានា នៅដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ»។
នាឱកាសនោ សម្ដេច ស ខេង គូសបញ្ជាក់អំពីការអនុវត្តកំណែទម្រង់ ៣បូក១ ដែលជាការដ្ឋានស្នូល នៃកំណែទម្រង់ រួមមាន ៖ ទី១-កំណែទម្រង់រដ្ឋបាលសាធារណៈ គ្រប់ក្រសួងស្ថាប័នសាធារណៈរបស់រដ្ឋ , ទី២-កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការដ្ឋាន ,ទី៣-កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសំដៅដល់ការកសាងសមត្ថភាពឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរសិទ្ធិអំណាច និងធនធានសមស្រប ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព និងខិតខំបំពេញភារកិច្ចរបស់ខ្លួនកាន់តែប្រសើរ។
សម្ដេច បន្ដថា ដោយឡែកកំណែទម្រង់បូក១នោះ គឺសំដៅកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីកសាងសង្គមមួយ ដែលមានយុត្តិធម៌ពីលើដល់ក្រោម ជាសង្គមរីកចំរើន និងស៊ីវិល័យ។ សម្ដេច ថា ការងារនេះនិយាយស្រួល ប៉ុន្តែការធ្វើឲ្យជោគជ័យ គឺត្រូវការឆន្ទះខ្ពស់បំផុត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ