ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស កើនឡើងគួរឲ្យកត់សម្គាល់ គិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់ ជាង ១.០៩១.៨៦៩គ្រួសារ កើនឡើង១១,៨% បើធៀបនឹងឆ្នាំ២០២០។

ក្នុងពិធីពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE នៅអង្គភាពរដ្ឋាករទឹកខេត្តកំពត នាថ្ងៃទី៩ មករា លោក ចម ប្រសិទ្ធ បានឲ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ថា ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌ ៤យ៉ាង រួមមាន ៖ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

លោក បន្ដថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម តែងទទួលបានការគាំទ្រ និងការបង្កលក្ខណៈពីរាជរដ្ឋាភិបាល ដោយបានខិតខំជំរុញឲ្យមានការផ្តល់ទុនវិនិយោគជាច្រើនរយលានដុល្លារ សម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែម នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនផ្សេងទៀតនៅទូទាំងប្រទេស តាមរយៈហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ពីថវិកាជាតិ និងការចូលរួមចំណែកពីផ្នែកឯកជន ធ្វើឲ្យវិស័យទឹកស្អាតមានការអភិវឌ្ឍយ៉ាងធំធេង ចាប់តាំងពីស្ទើរតែគ្មានអ្វីនោះ មកជាការផ្គត់ផ្គង់មួយដល់ចំនួនរយលានម៉ែត្រគូប និងគ្របដណ្តប់នៅគ្រប់ទីប្រជុំជនជិតឆ្ងាយ រួមទាំងតំបន់ជនបទមួយចំនួនទៀត។

លោក បញ្ជាក់ថា «ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណជាង ១.០៩១.៨៦៩ គ្រួសារ គឺកើនឡើង ១១,៨% ធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ ៩៧៦.៦២១ គ្រួសារ ជាមួយបរិមាណផ្គត់ផ្គង់ទឹកស្អាតចំនួន ៣៨៣.១៣៤.២៤៣ ម៉ែត្រគូប គឺមានការកើនឡើងចំនួន ៥.០៧៨.៣០៣ម៉ែត្រគូប បើធៀបនឹងឆ្នាំ២០២០»។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ក៏បានស្នើឲ្យអាជ្ញាធរខេត្ត សហការគាំទ្រ និងបង្កលក្ខណៈដល់គម្រោងអភិវឌ្ឍន៍ទឹកស្អាតនានា នៅក្នុងខេត្តឲ្យដំណើរការទៅបានរលូនល្អ ព្រោះថា បញ្ហាទឹកស្អាត គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ហើយត្រូវយកចិត្តទុកដាក់ចូលរួមការថែរក្សាប្រភពទឹក ទាំងបរិមាណ និងគុណភាព ដើម្បីធានាបាននូវនិរន្តរភាព ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ