ភ្នំពេញ  ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា។

ទន្ទឹមនឹងនេះ កម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសរបស់រវាងកម្ពុជា-មីយ៉ាន់ម៉ា។ 

សេចក្តីប្រកាសរួម ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។

សេចក្តីប្រកាស  បានបញ្ជាក់ដូច្នេះថា «ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តម នាយឧត្តមសនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ»។

ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ នាយឧត្តមសេនីយ៍ មីន អោង ឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ