កណ្តាល៖ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល។គម្រោងសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល ដែលមានទំ ហំផ្ទៃអគារសរុប១២.៥៤៤,៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសា ធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីផងដែរថាមន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារអាមេរិកថែមទៀត។

 បន្ថែមពីលើនេះ មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោ សែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ 

គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ