ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានទទួលមរណភាពនៅប្រទេសជប៉ុន កាលពេលថ្មីៗ។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា «យើងសូមសម្តែងនូវសមានចិត្តដ៏ជ្រាលជ្រៅ និងមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់ឯកឧត្តម»។
ស្ថានទូត បានបន្ដថា អតីតឯកអគ្គរាជទូត អ៊ីម៉ាហ្គាវ៉ា បានចូលបំរើការងារ នៅក្រសួងការបរទេសជប៉ុន ក្នុងឆ្នាំ ១៩៥៦ ហើយត្រូវបានចាត់បញ្ជូនមករាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងឋានៈជាសិក្ខាកាមភាសាខ្មែរ នៅឆ្នាំ១៩៥៧ ហើយបានធ្វើការនៅទីនេះអស់រយៈពេល ៨ ឆ្នាំ រហូតដល់ឆ្នាំ១៩៦៥។ នៅឆ្នាំ ១៩៩២ បន្ទាប់ការបើកស្ថានទូតជប៉ុនឡើងវិញ ឯកឧត្តម ក៏បានក្លាយជាឯកអគ្គរាជទូតជប៉ុនទីមួយប្រចាំកម្ពុជា ។
ក្នុងឋានៈជាអ្នកការទូតមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា លោក អ៊ីម៉ាហ្គាវ៉ា បានធ្វើការពិភាក្សា យ៉ាងស្វិតស្វាញជាមួយ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងភាគីពាក់ព័ន្ធដ៏ទៃទៀត ហើយក៏បានធ្វើជាសហប្រធានគណៈកម្មាធិការទី៣ នៃសន្និសិទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៨៩ផងដែរ ដើម្បីសម្រេចបាននូវសន្តិភាពនៅកម្ពុជា។
លេីសពីនេះទៀត ក្នុងឋានៈជាឯកអគ្គរាជទូតប្រចាំកម្ពុជា លោក បានជួយសំរបសំរួលក្នុងការទទួលកងកម្លាំងរក្សាសន្តិភាពជប៉ុនស្ថិតក្រោមអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ដែលបន្ទាប់មកមានការបោះឆ្នោតសកលជាលើកដំបូង និងដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ។
ដើម្បីបន្តកេដំណែលនៃចំណូលចិត្តយ៉ាងខ្លាំងរបស់លោក អ៊ីម៉ាហ្គាវ៉ា ចំពោះប្រទេសកម្ពុជា យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីការរីកចម្រើនថែមទៀត នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ