កំពង់ស្ពឺ ៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយ តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថា បានបង្កឱ្យមានការបំពុល ដោយផ្សែង និងក្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ ក្នុងមូលដ្ឋានក្បែររោងចក្រ។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារ បានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។

លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។

ចំពោះមុខ ក្រុមការងារ បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការលើក្រុមហ៊ុន ដូចជា ៖ ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន, ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់, ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង ជាដើម៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ