អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ អាជ្ញាធរថៃ គួរយកទាហានថៃ ដែលបាញ់សម្លាប់ទាហានខ្មែរ មកផ្តន្ទាទោស
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទាំងរាជរដ្ឋាភិបាលនិងក្រុមយធាថៃ គួរយកពេលវេលាទៅស៊ើបអង្កេតករណីទាហានរបស់ខ្លួនបានបាញ់សម្លាប់ទាហានកម្ពុជា ដោយកុំរុញបញ្ហាមកឲ្យកម្ពុជា។
លោក ប៉ែន បូណា បានលើកឡើងក្នុងបទអន្តរាគមន៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ភាគីថៃគួរបញ្ឈប់បង្កបញ្ហាជាមួយកម្ពុជាបន្តទៀតទៅពាក់ព័ន្ធជម្លោះព្រំដែន ក្រោយពីកងទ័ពខ្លួនបានបាញ់សម្លាប់ទាហ៊ានខ្មែរម្នាក់កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃ២៨ ឧសភា ។
លោក បន្តថា «សូមផ្តល់អនុសាសន៍ទៅវិញ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឈប់ទៅ ចរឹកលក្ខណៈបែបហ្នឹង កែទៅ ហើយខ្ញុំសូមថា ជំនួសឲ្យការប្តឹងផ្តល់កម្ពុជាពីរករណី(ប្តឹងសម្តេចតេជោ២ករណី) អាជ្ញាធរថៃគួរយកពេលវេលានេះទៅស៊ើបអង្កេតករណីដែលទាហានរបស់ខ្លួនបាញ់សម្លាប់កងទ័ពខ្មែរម្នាក់កាលពីថ្ងៃ២៨ ឧសភា ។ នេះគឺជាឃាតកម្មពិតប្រាកដ យកជនដៃដល់ទៅផ្តន្ទាទោស ។ នេះជាកិច្ចការដែលត្រូវធ្វើ មិនមែនធ្វើពាក្យបណ្តឹងឲ្យតែលឺសំឡេងអត់ប្រយោជន៍ហ្នឹងទេ ។ វាគួរឲ្យអស់សំណើច ខ្មាស់គេ»។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានផ្តល់យោបល់ទៅភាគីថៃថា ត្រូវបញ្ឈប់ការរុកគួនកម្ពុជា ហើយគួរតែយកពេលវេលាទៅដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនវិញល្អជាង ព្រោះបញ្ហាផ្ទៃក្នុងថៃកំពុងជួបការប្រេះស្រាំរវាងរាជរដ្ឋាភិបាល និងក្រុមយោធា ។
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ កើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងទ័ពថៃបានលបធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បានបណ្តាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ៕