រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កម្ពុជា-សិង្ហបុរី ចុះ MOU ស្តីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពី «ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន» ជាមួយលោក K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី នៅទីស្តីការក្រសួងមហាផ្ទៃសិង្ហបុរី។
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨ មកម្លេះ។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។
សូមរំលឹកថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ច នៅសិង្ហបុរី ចាប់ពីថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី៕