ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

មានប្រសាសន៍សំណេះសំណាលនៃឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកសមិទ្ធផលថ្មីមួយនេះ ថាទឡ្ហីករណ៍ជាក់ស្ដែងនៃការយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋានមរតកនយោបាយដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ ក្រុមការងារ រួមទាំងសប្បុរសជន ដែលបានចូលរួមគាំទ្រសាងសង់អគារសិក្សាសាលាមត្តេយ្យនេះ និងសង្ឃឹមជឿជាក់ថា អគារសិក្សាថ្មីនេះ នឹងរួមចំណែកផ្ដល់បរិយាកាសកាន់តែប្រសើរសម្រាប់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសកុមារតូចៗ ដែលជាទំពាំងស្នងឬស្សី។

យោងតាមរបាយការណ៍លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង ស្រុកមេសាង មានគ្រឹះស្ថានសិក្សា ចំនួន ៦៥កន្លែង ក្នុងនោះមាន មត្តេយ្យដាច់១កន្លែង មត្តេយ្យសហគមន៍២២កន្លែង សាលាបឋមសិក្សា៥៥កន្លែង អនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ៣កន្លែង និងមានមជ្ឈមណ្ឌលសិក្សា១កន្លែង។ លោកអះអាងថា សមិទ្ធផលសម្ពោធនាថ្ងៃនេះ បានធ្វើឱ្យវិស័យអប់រំក្នុងស្រុកមេសាង រីកចម្រើនមួយកម្រិតទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ