ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជំហររបស់កម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី។ 

សម្ដេច ប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា «ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ»។

សូមរំលឹកថា នាឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជា អត់ដកថយទេ ក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ សម្ដេ ចបានបញ្ជាក់ថា ពាក្យបណ្ដឹងរបស់កម្ពុជា បានដាក់ដល់ដៃរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយអ្នកមិនជឿអាចទូរស័ព្ទទៅសួរ ICJ បាន។

សូមជម្រាបថា ពាក្យបណ្តឹងរបស់កម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បញ្ជូនលិខិតផ្លូវការមួយច្បាប់ដែលជាពាក្យបណ្តឹងទៅកាន់លោក Philippe Gautier មន្ត្រីអត្រានុកូលដ្ឋានរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នាថ្ងៃទី១៥ ខែមិថុនា នឹងបានប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា តាមរយៈឯកអគ្គរាជទូតកម្ពុជាដែលទទួលខុសត្រូវនៅប្រទេសហូឡង់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ