លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោក ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ ដំណើរការសាងសង់នៅតែបន្តធ្វើយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់កីឡដ្ឋានធំ គ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកុម្ម៉ងទិញមកពីអាល្លឺម៉ង់ជាដើម។ លោក ថោង ខុន មានប្រសាសន៍ទៀតថា «ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទនភាពជាតិ មោទនភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះគឺជាអនុស្សាវរីយ៍មួយដ៏ធំធេងនាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើងតទៅអនាគតផងដែរ។»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ដែរថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្រោយពេលបញ្ចប់ការសាងសាង់កីឡដ្ឋានធំ យើងមានសកម្មភាពច្រើនណាស់ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។ 

«នៅឆ្នាំ២០២២ កម្ពុជាអាចរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតតេស្តមុនស៊ីហ្គេម (Pre-SEA Games) ដោយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀត អាចបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនតាមប្រភេទកីឡានីមួយៗ មកប្រកួតឆ្លាស់គ្នាបាន ដើម្បីឲ្យការប្រើប្រាស់របស់យើងមាននិរន្តរភាព ក៏ដូចជាជួយផ្តល់ជាបទពិសោធន៍ដល់ការរៀបចំ របស់សហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកាន់តែច្រើនផងដែរ។ 

ចាប់ពីឆ្នាំ២០២១ តទៅ យើងមានកិច្ចការជាច្រើនដែលត្រូវបន្តធ្វើយ៉ាងសកម្ម ពីព្រោះថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមអនុវត្តការងារឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយធ្វើកិច្ចការទាំងអស់នេះឲ្យបានរៀបរយ និងហ្មត់ចត់បំផុត ព្រមទាំងជំរុញឲ្យសកម្មភាពការងាររបស់គណៈកម្មការជំនាញទាំង១៤ក្រោមឱវាទ CAMSOC ឲ្យមានការសហការគ្នាកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ