មេដឹកនាំយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing របបយោធាប្រារព្ធពិធីជប់លៀងបន្ទាប់ពីមានការសម្លាប់ក្រុមបាតុករយ៉ាងរង្គាល
រូបភាពមួយដែលថតបានពីទូរទស្សន៍រដ្ឋ ហើយត្រូវបានចែកចាយលើបណ្តាញសង្គមTwitter ដែលបង្ហាញពីសកម្មភាពមេដឹកនាំយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing និងមន្រ្តីយោធាជាន់ខ្ពស់ដទៃទៀត ក្នុងឯកសណ្ឋានពណ៌សនិងពាក់ក្រវ៉ាត់-ក ដើរនៅលើកំរាលព្រំពណ៌ក្រហម រួមទាំងទឹកមុខញញឹមរីករាយ ហើយអង្គុយនៅតុធំៗសម្រាប់អាហារពេលល្ងាចដ៏ប្រណីត។
ពិធីនេះត្រូវបានរៀបចំក្នុងថ្ងៃប្រារព្ធទិវាយោធាមីយ៉ាន់ម៉ា ហើយក៏ជាថ្ងៃដែលយោធាបានបាញ់សម្លាប់ក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ាប្រមាណ១១៤នាក់កាលពីថ្ងៃទី២៧ ខែមីនានេះ។ នេះបើយោងតាមសារព័ត៌មានBBCចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនានេះ។
បន្ទាប់ពីសកម្មជនមីយ៉ាន់ម៉ាម្នាក់ឈ្មោះ Maung Zarni បានបង្ហោះរូបមួយសន្លឹកនៃពិធីជប់លៀងយោធានោះនៅលើTwitterរបស់ខ្លួន ធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីមនុស្សមួយចំនួននៅលើបណ្តាញសង្គមជាពិសេសក្រុមអ្នកតវ៉ា ដោយហេតុថារបបយោធាកំពុងសប្បាយនឹងពិធីជប់លាង ខណៈប្រជាជនមីយ៉ាន់ម៉ាត្រូវបានបាត់បង់សាច់ញាតិហើយក៏កំពុងប្រារព្ធពិធីបុណ្យសពផងដែរ។ ចំណែកអ្នកខ្លះទៀតបានយករូបភាពជប់លៀងរបស់យោធានោះទៅកាត់ភ្ជាប់ជាមួយនឹងរូបភាពជនរងគ្រោះដែលបានស្លាប់នោះទៀតផង។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Antony Blinken បានបង្ហាញក្តីរន្ធត់និងហួសចិត្តចំពោះសកម្មភាពរបស់យោធានៅក្នុងហេតុការណ៍នេះ ហើយបាននិយាយថា«សម្លាប់ជីវិតប្រជាជនស្លូតត្រង់ជាច្រើននាក់ដើម្បីបម្រើអំណាចរបស់មនុស្សតិចតួច» ។
សហរដ្ឋអាមេរិកបានថ្កោលទោសរបបយោធាថាជា« រជ្ជកាលនៃភេរវកម្ម»ដែលកាលពីថ្ងៃទី២៧មីនា ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតចាប់តាំងពីមានរដ្ឋប្រហារនៅដើមខែកុម្ភៈ។ ការសម្លាប់រង្គាលនោះបានធ្វើឱ្យមនុស្សប្រមាណ១១៤នាក់ក្នុងនោះមានកុមារ៧នាក់យ៉ាងតិចបានស្លាប់បាត់បង់ជីវិតត្រឹមតែមួយថ្ងៃ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Tom Andrews បានអំពាវនាវឲ្យមានកិច្ចប្រជុំកំពូលបន្ទាន់អន្តរជាតិមួយទៅលើការបង្រ្កាបដោយហិង្សានេះ ថាអាចនឹងបណ្តាលឱ្យមានមនុស្សស្លាប់កាន់តែច្រើននៅពេលខាងមុខ។
គួរកត់សម្គាល់ថាយ៉ាងហោចណាស់កុមារច្រើនជាង១០នាក់បានត្រូវគេសម្លាប់និង៥៥២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា។ គិតចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អង់សាន ស៊ូជី មកទល់នឹងពេលនេះអ្នកស្លាប់កើនដល់៤៤០នាក់ហើយ។ នៅក្នុងសុន្ទរកថាមួយរបស់មេដឹកនាំយោធាលោក Min Aung Hlaing ដែលបាននិយាយថាលោកចង់ការពារលទ្ធិប្រជាធិបតេយ្យ៕