រដ្ឋបាល ក្រុងព្រះសីហនុ បានរៀបចំទីកន្លែងសម្រាប់ចុះឈ្មោះប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅក្នុងក្រុងព្រះសីហនុ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១៥ទីតាំង ដោយទទួលចុះឈ្មោះចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ នេះបើតាមការបញ្ជាក់របស់ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។

ក្នុងនោះរដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការណែនាំថា អំឡុងពេលប្រជាពលរដ្ឋទៅចុះឈ្មោះ សូមរក្សាអោយបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីបង្ការហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ត្រូវចាក់ចំនួន២លើក តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងត្រូវភ្ជាប់ មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅ ស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់នៅពេលចុះឈ្មោះ និងនៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ