អង្គការWCS សហការជាមួយ រដ្ឋបាលជលផល រកឃើញសម្បុកកន្ធាយក្បាលកង្កែប ចំនួន៣២ពង នៅរដូវពងកូនចុងឆ្នាំ២០២០
ភ្នំពេញ ៖ក្រុមការពារសម្បុកនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានរកឃើញសម្បុកកន្ធាយក្បាល កង្កែប (ឬល្មិច) លើកដំបូងចំនួនមួយសម្បុក ស្មើនឹង៣២ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ នៅដើមរដូវពងកូនចុងឆ្នាំ២០២០។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ WCS នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែបចាប់ផ្តើមធ្វើការបន្តពូជចន្លោះពីខែវិច្ឆិកា ដល់ខែ ឧសភា។ បច្ចុប្បន្ន ក្រុមសហគមន៍ការពារសំបុក កំពុងយាមការពារសម្បុកនេះ ដើម្បីកុំឲ្យជនល្មើសលួច ឬបំផ្លាញ។
ក្រុមការងាររំពឹងថា នឹងអាចរកឃើញសម្បុកពងកូនរបស់កន្ធាយក្បាលកង្កែប ដែលជាប្រភេទជិតផុតពូជបំផុតនេះបន្ថែមទៀត ក្នុងរដូវកាលពងកូនចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។
សូមរំលឹកថា កម្មវិធីការពារសំបុកនេះ ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ក្រោមគម្រោង«ភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ» Margaret A. Cargill និងគម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID (USAID-GPL)៕EB