ដើម្បីការពារសុខភាពជូនកម្មករនិយោជិត ព្រមទាំងផលប្រយោជន៍របស់រោងចក្រពីការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់កម្មករនិយោជិតតាមរោងចក្រ សហគ្រាសនាពេលឆាប់ៗខាងមុខ។ ដូច្នេះក្នុងន័យនេះ ក្រសួងការងារបានបានចេញលិខិតមួយ ដោយស្នើសុំទៅកាន់ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន១រូបក្នុង១រោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវបញ្ជូនទៅក្រសួងឲ្យបានមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ បើយោងតាមលិខិតរបស់ក្រសួងការងារចេញនៅថ្ងៃទី២៣ ខែមីនានេះ។

ជាងនេះទៅទៀត ក្រសួងបានស្នើដល់ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ជួយណែនាំដល់ម្ចាស់ ឬនាយករោងចក្រនូវចំណុចមួយចំនួនដូចជា៖

១ ត្រូវធានាផ្ដល់ប្រាក់ឧបត្ថមជូនដល់គ្រូពេទ្យប្រចាំរោងចក្រ ដែលត្រូវចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ។

២ ត្រៀមរៀបចំឲ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់ការចាក់វ៉ាក់សាំង និងធានាថាកម្មករនិយោជិតដែលបានចុះឈ្មោះក្នុងបញ្ជីស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យមកចាក់វ៉ាក់សាំងតាមកាលបរិច្ឆេតកំណត់។

៣ ត្រៀមរៀបចំឲ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់កម្មករនិយោជិតសម្រាក និងតាមដានសុខភាពរយៈពេល៣០នាទី ក្រោយពេលចាក់វ៉ាក់សាំងរួច។

៤ ចាត់ចែងឲ្យមានរដ្ឋបាលរោងចក្រ១រូប ឬ១ក្រុមសម្រាប់សហការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងមួយលើកៗ។

៥ ណែនាំ និងរំលឹកកម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងឲ្យមកទទួលការចាក់វ៉ាក់សាំងទាំង២លើកតាមកាលបរិច្ឆេត និងទីកន្លែងកំណត់ជាកំហិត។

៦ អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្រោយចាក់វ៉ាក់សាំងមួយលើកៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ