នៅទីបំផុតស្ត្រីម្នាក់ដែលស្លាប់នៅក្នុងឆ្នាំ២០១៩ ដែលគែបានប្រទះឃើញសាកសពក្បែរឈូងសមុទ្រថៃ ពេលនេះត្រូវបានគេរកឃើញថា ត្រូវគេដាក់ថ្នាំសណ្តំ មុនពេលនាងស្លាប់ ក្រោយពីបញ្ជូនសាកសពទៅដល់ចក្រភពអង់គ្លេស
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសបានបង្ហាញនូវអាថ៌កំបាំងនៃការស្លាប់ របស់អ្នកធ្វើដំណើរជនជាតិអង់គ្លេស Amelia Bambridge ក្នុងឆ្នាំ ២០១៩ ដែលសាកសពរបស់នាងត្រូវបានគេរកឃើញអណ្តែតនៅឈូងសមុទ្រថៃបន្ទាប់ពីនាងបានបាត់ខ្លួនក្រោយពីមានពិធីជប់លៀងមួយនៅ កោះរុង។
យោងតាមការសែត The Mirror បានឱ្យដឹងថាការធ្វើតេស្តិ៍គីមីវិទ្យានៅចក្រភពអង់គ្លេសបានបង្ហាញថា ការធ្វើកោសលវិច្ឆ័យបានរកឃើញថ្នាំ GHB ដែលជាថ្នាំសណ្តំនៅក្នុងរាងកាយរបស់នាង ដែលជាទូទៅត្រូវបានជនបំណងអាក្រក់ប្រើប្រាស់ដើម្បីដាក់លើនារីក្នុងគោលបំណងរំលោភ ដែលធ្វើឱ្យមានការសង្ស័យថានាងត្រូវបានគេដាក់ថ្នាំ មុនពេលនាងស្លាប់។ថ្នាំញៀនសប្បាយ MDMA និងថ្នាំសណ្តំ MDA ក៏ត្រូវបានគេរកឃើញផងដែរប៉ុន្តែក្រុមគ្រួសាររបស់នាងបានអះអាងថា នាងគ្មានផ្លូវលេបថ្នាំទាំងនោះទេ។
លទ្ធផលនៃការធ្វើតេស្តនេះត្រូវបានបញ្ជូនទៅនគរបាលកម្ពុជាជាច្រើនខែកន្លងមកហើយ ប៉ុន្តែក្រុមគ្រួសាររបស់ Amelia មិនបានទទួលការឆ្លើយតបពីនគរបាលកម្ពុជានោះទេ។ បើយោងតាមកាសែត The Mirror បានបញ្ជាក់ថា មន្រ្តីនគរបាលកម្ពុជានិយាយថាពួកគេមិនបានទទួលឯកសារណាមួយពីក្រុមគ្រួសាររបស់ Amelia ទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
ម្ដាយរបស់ Amelia គឺអ្នកស្រី លីនដា បាននិយាយថា៖«ខ្ញុំជឿជាក់ថាមានការលាក់បាំងមួយចំនួន។ Amelia មិនមែនជាអ្នកប្រើគ្រឿងញៀនទេ នាងមិនបានសេពគ្រឿងញៀននៅចក្រភពអង់គ្លេសទេ។
នាងដឹងខ្លួនណាស់នាងមិនដែលផឹករហូតដល់នាងមិនដឹងថានាងកំពុងធ្វើអ្វី»។«ខ្ញុំគិតថាភេសជ្ជៈរបស់នាងត្រូវបានគេដាក់ថ្នាំ។ ខ្ញុំគិតថាវាធ្វើឱ្យនាងមានអារម្មណ៍មិនស្រួលហើយនាងបានចុះទៅថ្មដើម្បីអង្គុយមួយភ្លែតហើយត្រូវបានខ្យល់បក់ឲ្យដួលឬដួលសន្លប់។ យើងមិនដឹងថាមានអ្វីកើតឡើងនៅលើកោះនោះទេ៕SP