រដ្ឋបាលខេត្តរតនគិរី តម្រូវអោយអ្នកដែលចេញពីខេត្តទៅសែនឆេងម៉េង ពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ
រដ្ឋបាលខេត្តរតនគិរី បានប្រកាសថា ក្នុងករណីប្រជាពលរដ្ឋ ជាពិសេសខ្មែរកាត់ខ្សែរស្រឡាយចិនដែលត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើតឆ្លងខេត្ត ដើម្បីចូលរួមពីធិសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) ក្រោយត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញ ស្របតាមវិធានការរបស់សុខាភិបាល។ នេះបើតាមសេចក្តីណែនាំរបស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣០ មីនា ស្តីពីវិធានការការពារ និងការទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
នៅក្នុងសេចក្តីណែនាំនោះ បានបន្ថែមថា ប្រជាពលរដ្ឋត្រូវចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញស្របតាមវិធានការរបស់សុខាភិបាល៕