បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រុកបាណន់, ស្រុកបវេល, និងស្រុកគាស់ក្រឡ ស្ថិតក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ស្រែ ឈ្មោះ រឿម គង់ ភេទប្រុស អាយុ ៤២ឆ្មាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ប្រទះឃើញនៅក្នុងដំបូកដីស្រែ ដែលមានចំនួនសរុប២៩គ្រាប់ ក្នុងនោះមានគ្រាប់ទំហំ 60មីលីម៉ែត្រចំនួន ១៩គ្រាប់, គ្រាប់ DK82 ចំនួន ០៤គ្រាប់, គ្រាប់ 80មីលីម៉ែត្រចំនួន០៤គ្រាប់, គ្រាប់ 75មីលីម៉ែត្រចំនួន ០១គ្រាប់, គ្រាប់ B40 ចំនួន ០១គ្រាប់។

ករណីទី២ ត្រូវបានប្រជាពលរដ្ឋ ឈ្មោះ ទឹម ស៊ីណាក់ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅចំណុចទួលសង្កែបបួយ ស្ថិតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល បានប្រទះឃើញខណៈពេលកំពុងកាយដីធ្វើផ្លូវថ្នល់នៅចំណុចខាងលើ ដែលមានចំនួនសរុប០៦គ្រាប់ ក្នុងនោះមានគ្រាប់ 8០មីលីម៉ែត្រចំនួន ០១គ្រាប់, គ្រាប់B40ចំនួន០១គ្រាប់, មីន69ចំនួន០១គ្រាប់, គ្រាប់បែកដៃចំនួន០៣គ្រាប់។

ដោយឡែក ករណីទី៣ ត្រូវបានព្រះសង្ឃប្រទះឃើញនៅក្នុងដី ខណៈដែលព្រះសង្ឃគង់នៅក្នុងវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានជីកកាយដី ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ចំនួន១៦កេះ ស្មើនឹង៤០០០គ្រាប់ ជាប្រភេទ (PKF ផលិតនៅសហរដ្ឋអាមេរិច)។

បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ក្រោយពីប្រមូលបានរួចរាល់ហើយ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឣង្គភាពស៊ីម៉ាក់ ដើម្បីយកទៅរក្សារទុក និងធ្វើការកម្ទេចចោល នៅពេលក្រោយ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ