ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសជប៉ុន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃ ដូចជា៖
ទី១៖ បញ្ហាជម្លោះទឹកដី ៖បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគ យ៉ាងហោចណាស់នៅពេលនេះ។ ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើងនៅតាមតំបន់ជាច្រើនដែលមានភាពតានតឹងជាប្រពៃណីរួចទៅហើយ។ ដូច្នេះ អ្នកដឹកនាំទាំងអស់ត្រូវតែមានការឯកភាពគា្នលើគោលដៅ យុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម។ ក្នុងន័យនេះ យើងមិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈការពង្រឹង ទំនាក់ទំនងការទូត ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំង ការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។
ទី២៖ បញ្ហាសង្គ្រាមពាណិជ្ជកម្ម៖ សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ចុះខ្សោយ។ ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នាទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង។
ទី៣៖ បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ៖ បញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការដែលគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យបញ្ហាទាំងពីរខាងលើដែលខ្ញុំបានលើកឡើងកាន់តែស្មុគស្មាញអ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។ ការអនុវត្តដ៏ គ្រោះថ្នាក់បែបនេះអាចនឹងបង្កឱ្យមានការបែកបាក់, ការរំខាន, ការផ្តាច់ទំនាក់ទំនង, ការប្រឈម មុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង៕