ភ្នំពេញ៖ប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ បានបាញ់២គ្រាប់ បណ្តាលអោយមួយគ្រាប់ត្រូវលើយុវជនម្នាក់ ចំជើងស្តាំ និង មួយគ្រាប់ទៀត ផ្លាតចំទ្វារកញ្ចក់ផ្ទះអ្នកដទៃ បែកខ្ទេចខ្ទី ។ 

គួរបញ្ជាក់ថា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីញាំអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះនៅកន្លែងកើតហេតុ ។

ខណៈមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ក្រោយមក ជនដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើជនរងគ្រោះដែលនៅផ្លូវម្ខាងទៀត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និង មួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេចខ្ទី រួចហើយក៏បើករថយន្តគេចខ្លួនបាត់ ។ ក្រោយបង្កហេតុ ជនដៃដល់ បានបើកឡានគេចខ្លួនបាត់ស្រមោល ។ចំណែកជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ ។

ក្រោយេពីកើតហេតុ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថ ដើម្បីស្វែងរកជនដៃដល់ យកមកកាត់ទោសតាមច្បាប់។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ