បុរសម្នាក់ បានស្លាប់និងបុរស ៦នាក់ ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាលដោយសារកាណូតបាឡាស្មាច់ ជាប់ហ្គារ
កំពង់ឆ្នាំងៈ ហេតុការណ៍នេះ បានកើតឡើង នៅរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្បាលកោះត្រែង ព្រែកកាត់ឆ្លង ទៅខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ បុរសម្នាក់ បានស្លាប់ និងបុរស ៦ នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាលដោយសារកាណូតបាឡាស្មាច់ ជាប់ហ្គារ នៅពេលកំពុងធ្វើដំណើរ តាមផ្លូវទឹក ត្រឡប់មកពីការចូលរួមពិធីបុណ្យវិញ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកកាណូត ត្រឡប់មកពីការចូលរួមពិធីបុណ្យវិញ ហើយនៅពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ខាងលើ កាណូត បានជាប់ខ្សែ ហ្គារម៉ាស៊ីន ដោយសារភាពស្លន់ស្លោកាណូត បានរេចង្កូត ទៅបុកច្រាំង បណ្តាលឱ្យបាឡាស្មាច់ បាក់ដាច់ជាពីរកំណាត់។
អ្នកបើកបរកាណូត ដែលជាម្ចាស់កាណូតខាងលើ ឈ្មោះភឿង សុភាព អាយុ ២៨ ឆ្នាំ បានបើក បាឡាស្មាច់ ១គ្រឿង ដែលមានប្រវែង ៧,៧០ ម៉ែត្រ ក្នុងទិសដៅពីឃុំប្រឡាយមាស ទៅកំពង់ឆ្នាំង (របួសបាក់ដៃ និងបែកក្បាល) ដោយមានអ្នក រួមដំណើរ ចំនួន ៦នាក់ រួមមានៈ ១- ឈ្មោះ សួស តូ អាយុ ៣០ឆ្នាំ (របួសបាក់ជើង) , ២- ឈ្មោះ ឈិន សុវ៉ាន អាយុ ២៨ឆ្នាំ (របួសបាក់ភ្លៅ) , ៣- ឈ្មោះ សួន ធី អាយុ៣២ឆ្នាំ (របួសស្រាល) , ៤- ឈ្មោះ ផុន ម៉េងហុង អាយុ ២៥ឆ្នាំ (របួសស្រាល) , ៥- ឈ្មោះ ធួន សារិត ហៅ កុយ អាយុ៣០ឆ្នាំ (របួសស្រាល) និង៦- ឈ្មោះ ផុន ម៉េងហៀង អាយុ ២៨ឆ្នាំ (បានស្លាប់)។ បុរសទាំង ៧ នាក់នេះ រស់នៅ ភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយគ្នា ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលស្លាប់បានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែក អ្នករងរបួស បានត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង៕