ភ្នំពេញ ៖ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានវិធានការកាន់តែមុតស្រួច។

យោងតាមខ្លឹមសារ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សារព័ត៌មាន NP News សូមដកស្រង់ខ្លឹមសារសំខាន់ៗ ដូចជា៖ 

តាមមាត្រា៨ នៃច្បាប់នេះ សម្រាប់អ្នកបំពានលើវិធានការទប់ស្កាត់ជំងឺឆ្លងរបស់រាជរដ្ឋាភិបាល នឹងត្រូវផាកពិន័យ និងដាក់ទោសធ្ងន់ធ្ងរ ក្រោម «បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល»។ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។

ដោយឡែក មាត្រា៩៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ កំណត់ថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។

មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សូមបញ្ជាក់ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានគោលបំណងកំណត់អំពីវិធានការសុខាភិបាល វិធានការដ្ឋបាល និងវិធានការផ្សេងទៀត ដែឡត្រូវអនុវត្ត ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសា ហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធាណៈ ព្រមទាំង កាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យស ង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជណាចក្រកម្ពុជា។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមការកំណត់របស់ក្រសួងសុខាភិបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ