ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងអាចចរ ចារយៈពេល នៃការសាងសង់បាន ប៉ុន្តែក្រុមហ៊ុនត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានជាដាច់ខាត ដើម្បីធានា គុណភាព រឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង ចំពោះការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។

សូមជម្រាបថា គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាង សង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប៧២,១៧ គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។


ក្នុងឱកាសចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «ក្រសួងអាចចរចារយៈពេលនៃការសាងសង់បាន ប៉ុន្តែក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានជាដាច់ខាត ដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរ អង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងចំណេញពេលវេលា ផងដែរ»។


សូមរំលឹកថា យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យ ដឹងថា វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន២៧,១០%ហើយ។

 

ជាងនេះទៅទៀត គម្រោងធ្វើឲ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ