ក្រសួងមហាផ្ទៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ជូនមន្ដ្រី មានអាយុ៦០ឆ្នាំឡើង
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ជូនរដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង និងអតីតមន្ដ្រីក្រសួងចូលនិវត្តន៍ មានអាយុ៦០ឆ្នាំឡើង ចាប់ពីថ្ងៃទី៨ ដល់១២ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅអគារ S ទីស្ដីការក្រសួង។
សូមជម្រាបថា ការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca នាពេលនេះ រៀបចំឡើងដោយ អនុគណ:កម្មការកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុ ភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃផងដែរ។
សូមបញ្ជាក់ថា ប្រការត្រូវចង់ចាំក្រោយពេលចាក់វ៉ាក់សាំង រួមមាន ៖
ទី១-ក្រោយពេលចាក់វ៉ាក់សាំងរួច ត្រូវបន្ដតាមដា នឲ្យដិតដល់ ក្នុងរយៈពេល៧២ម៉ោង ចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរធ្វើការគេងសម្រាក់ឲ្យបានគ្រប់គ្រាន់។
ទី២-ក្រោយពេលចាក់វ៉ាក់សាំងរួចត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វិតាមីន និងអាហារជីវជាតិ។ ក្នុងរយៈពេលមួយសប្ដាហ៍ ចៀសវាងបរិភោគអាហារមានជាតិហឺល មិនត្រូវពិសារជាតិស្រវឹង ជាពិសេស អ្នកដែលមានប្រតិកម្មនឹងជាតិអាល់កុល ដែលមានអាការៈប្រតិកម្មជាតិអាល់កុលអាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំងក្រោយពេលចាក់វ៉ាក់សាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព
និងទី៣-ក្រោយពេលចាក់វ៉ាក់សាំង ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្ដាសាយត្រូវបរិភោគទឹកឲ្យបានច្រើនក្នុងរយៈពេល១២ម៉ោង ពេលងូតទឹកត្រូវយកបង់បិទដំបៅ ឬបង់ស្អិតបិទការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ ១២ម៉ោងពេលងូតទឹកមិនត្រូវប៉ះពាល់កន្លែងចាក់វ៉ាក់សាំង៕EB