ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ដែលរាជរដ្ឋាភិបា លកម្ពុជា បញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីប្រទេសចិននេះ ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្នុងពិធីទទួល និងប្រគល់ ស៊ីណូវ៉ាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៥ មីនា នេះ ក្រោមអធិតីភាព លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាប់ថា ក្នុងឱកាសពិធីទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១.៥លានដូស អស់ថវិកា ចំនួន១៥លានដុល្លារ។

លោកស្រីបន្ដថា វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយមានប្រសិទ្ធភាពការពារចន្លោះ ពី៧០ ទៅ៨០% ចំណែកអាយុកាលវ៉ាក់សាំងនេះ មានរយៈពេល៣៦ខែ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ