ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ ឲ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងពង្រឹងសមត្ថភាពការធ្វើរោគវិនិច្ឆ័យ ព្រមទាំងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។ 

ពិសេសជាងនេះទៅទៀត តាមរយៈគម្រោងនេះ គឺ ទី១- ប្រព័ន្ធចែកចាយវ៉ាក់សាំង ,ទី២- សមត្ថភាពធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ-១៩ នៅតាមបណ្តារមន្ទីរពិសោធន៍ថ្នាក់តំបន់ ,ទី៣- សមត្ថភាពធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ-១៩ និងជំងឺរលាកសួត និងទី៤-ការតាមដានថែទាំមន្ទីរពិសោធន៍រកជំងឺកូវីដ-១៩ ក៏ដូចជាការវាយតម្លៃកម្មវិធីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈការណែនាំអំពីការធ្វើ Serological Test នឹងត្រូវបានពង្រឹង។


ដើម្បីសម្រេចបាននូវគោលដៅខាងលើ ការបង្កើតនូវប្រព័ន្ធសម្រាប់ថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំង ក៏ដូចជាឧបករណ៍ និងសម្ភារសម្រាប់ធ្វើតេស្ត (PCR) និងធ្វើវិភាគឈាម រួមទាំងម៉ាស៉ីន Computer-Aided Diagnosis (CAD) នឹងត្រូវបានផ្តល់ជូនទៅក្រសួងសុខាភិបាល រួមជាមួយការបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់ឧបករណ៍ទាំងនោះផងដែរ។

ខណៈពេលនៃការចាប់ផ្តើមគម្រោងនេះ ទីភ្នាក់ងារ JICA បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក្រោមក្របខ័ណ្ឌ «JICA’s Initiative for Global Health and Medicine»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ