ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញបំណងចង់ឃើញកូនខ្មែរជំនាន់ក្រោយអាចសង់ស្ពានឆ្លងកាត់ទន្លេបាន បន្សល់ទុកនូវមោទនភាពសម្រាប់ជាតិដូចបុព្វបុរសខ្មែរ ដែលបានសង់ប្រាសាទ និងស្ពានបន្សល់ទុករាប់ពាន់ឆ្នាំ។ ព្រោះតែចង់សម្រេចបំណងនេះហើយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ វិទ្យាស្ថាននេះ នឹងបណ្តុះបណ្តាលជំនាញបច្ចេកទេសលើវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការសាងសង់ថ្នល់ និងស្ពាន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកពីស្នាដៃជាច្រើនដែលបុព្វបុរសខ្មែរបានកសាងឡើងក្នុងសម័យអង្គរ ដូចជាប្រាសាទ និងស្ពានដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែហេតុអ្វីបានជាខ្មែរនាពេលបច្ចុប្បន្នមិនអាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក និងទន្លេសាបបាន? ជាមួយទឹកមុខបង្ហាញពីក្តីរំភើបចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ «ថ្ងៃនេះយើងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបណ្តុះបណ្តាលធនធានរបស់យើងនេះ ដើម្បីចូលរួមកសាងជាតិមាតុភូមិរបស់យើងឱ្យបានរុងរឿងថែមទៀត»។ លោក ស៊ុន ចាន់ថុល បានលើកឡើងដែរថា បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស។ លោកបន្ដថា «មានការអីជួលបរទេសរហូត មានថវិកាហើយ តែទាល់តែជួលគេមកកសាងផ្លូវ ស្ពាន។ ដូច្នេះខ្ញុំជឿជាក់ថា និស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងផ្លូវស្ពាននៅកម្ពុជាយើងឱ្យមានគុណភាពល្អ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ