ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញយុទ្ធនាការថ្មី ជំរុញឲ្យអនុវត្តឥរិយាបថ ការពារសុវត្ថិភាព ពីជំងឺកូវីដ១៩ សម្រាប់ឆ្នាំសិក្សា២០២១
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រ ពីយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ សម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លង រាលដាលជំងឺកូវី-១៩ ស្របពេលដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើម ហើយកូវីដ១៩ នៅតែជាបញ្ហាប្រឈម ក្នុងសកលលោកនៅឡើយ ។ យុទ្ធនាការថ្មីនេះ មានសារសំខាន់ក្នុងការធានាឱ្យ បរិស្ថានសាលារៀនមាន សុវត្ថិភាពតាមដែលអាចធ្វើទៅបាន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា យុទ្ធនាការនេះក៏មានគោលបំណង ផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួន ត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេ ផ្តល់អាទិភាពដល់ការ រៀនសូត្រ បើទោះជាត្រូវជួបនឹងការ លំបាកយ៉ាងណាក៏ដោយ។
យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្ត ឥរិយាបថការពារសុវត្ថិភាព ពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមាន បរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជា វីដេអូ ផ្ទាំងរូបភាព ស្តីត់វិទ្យុ និងសារ ជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់អាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។
លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំ ជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗសម្រាប់ចែកជូនសាលារៀនជាង ១៦.៥០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាច ចាប់ផ្តើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី៕EB