ភ្នំពេញ ៖ កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាជំរុញកិច្ចចរចា ដើម្បីឈានដល់ការបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (Agreement on the Avoidance of Double Taxation) ឱ្យបានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។

ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ម៉ារៀ អ៊ែមឺលីតា ស៊ី. អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៣ កុម្ភៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសខ្មែរ បានសម្តែងសេចក្តីរីករាយ ចំពោះទំនាក់ទំនងទ្វេភាគីល្អប្រសើរលើគ្រប់វិស័យ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជាដើម។


លោក កុយ គួង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបថា លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរ ហើយបានផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងធុរៈជនហ្វីលីពីន ដែល កំពុងប្រកបការងារនៅកម្ពុជា។

លោក កុយ គួង បញ្ជាក់ថា «ភាគីទាំងពីរបានឯកភាពគ្នាជំរុញ កិច្ចចរចាដើម្បីឈានដល់ការបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (Agreement on the Avoidance of Double Taxation) ឱ្យបានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើ លោកជំទាវឯកអគ្គរដ្ឋទូត ជំរុញវិនិយោគិនហ្វីលីពីនមកវិនិយោគទុន លើឃ្លាំងស្តុកទុកស្រូវអង្ករ និងម៉ាស៊ីនកិនស្រូវដើម្បីនាំអង្ករទៅហ្វីលីពីន» ។

លោកថ្លែងថា លើវិស័យអាកាសចរណ៍ លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន លោកស្រីទូត ថាក្រោយវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ នឹងត្រូវពិចារណាឱ្យបើកដំណើរការឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសទាំងពីរ។

លោកបន្ថែមថា លោកស្រីទូត បានអះអាងជាថ្មីនូវការគាំទ្ររបស់រដ្ឋាភិបាលហ្វីលីពីន ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅកម្ពុជានាឆ្នាំ២០២១នេះ។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា (NIDIR) ជាមួយវិទ្យាស្ថានការទូតហ្វីលីពីន (FSI) ផ្អែកលើអនុស្សរណៈយោគយល់គ្នាដែលមានស្រាប់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីការទូត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ