សម្តេចតេជោ បញ្ជាដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ត្រូវបិទអាជីវកម្ម ឬហាងទាំងឡាយណា ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាដល់អាជ្ញាធរខេត្ត គ្រប់ជាន់ថ្នាក់ត្រូវបិទ អាជីវកម្ម ឬហាងទាំងឡាយណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការចូលរួម ទប់ស្កាត់ការឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍។
តាមរយៈសារជាសំឡេងនៅថ្ងៃទីនេះ សម្តេចហ៊ុន សែន បានស្នើដ៏ទទូចដល់អាជីវករ ហាងលក់ដូរទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការពារកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋដែលបានចូលទៅ ញាំអាហារ ឬទិញសម្ភារផ្សេងៗក៏ត្រូវមានម៉ាស់ រក្សាគម្លាតសង្គមដែលបានកំណត់ដោយក្រសួងសុខាភិបាល។
ការបញ្ជារបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា មានហាង និងទីកន្លែងអាជីវកម្មមួយចំនួន មិនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល នាំឱ្យមានការឆ្លងកូវីត-១៩ នៅក្នុងសហគមន៍ ធ្វើឲ្យមានការកើនឡើងអ្នកឆ្លងកូវីដ-១៩ ។
ទាក់ទងនឹង«ព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា» សម្តេច កត់សម្គាល់ឃើញថា គិតត្រឹមថ្ងៃទី ៦ធ្នូ អ្នកឆ្លងមាន ចំនួនតិច តែចំនួននេះមិនមែនមានន័យថា កម្ពុជាអាចរួចផុតការឆ្លងនោះទេ ព្រោះមិនដឹង ថា ជំងឺកូវីដ-១៩មាន នៅទីណាទៀត ដូច្នេះសម្តេចស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនប្រុងប្រយ័ត្ន។សម្តេចសង្ឃឹមថា ប្រជាជន ភាគច្រើន មិនអត់លុយទិញម៉ាស់ទេ ហើយរាជរដ្ឋាភិបាលក៏ បានបញ្ចេញម៉ាស់ រាប់លានម៉ាស់ជូន ដល់ប្រជាពលរដ្ឋ៕EB