ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ពិតជាមានការសោកស្តាយចំពោះការបាត់បង់សត្វទន្សោងមួយក្បាល និងសត្វត្រយងយក្សពីរក្បាល ដែលត្រូវបានក្រុមជនខិលខូចសម្លាប់នៅក្នុងសប្តាហ៍នេះ។នេះគឺជាហេតុការណ៍ដ៏អាក្រក់ពីរដែលបានកើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សាកសពសត្វទន្សោងនោះ ត្រូវបានសហគមន៍ប្រទះឃើញក្នុងកំឡុងពេលពួកគាត់ដើរល្បាតព្រៃកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយជនខិលខូចបានពន្លះយកសាច់អស់បន្សល់ទុកតែគ្រោឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោលដើម្បីបំបាត់ភស្តុតាង។

ចំណែកឯសាកសពសត្វត្រយងយក្សទាំងពីរក្បាល ត្រូវបានសហគមន៍ប្រទះឃើញស្លាប់នៅលើដើមឈើដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយងយក្សទាំងពីរក្បាលនោះទំនងជាជាប់អន្ទាក់ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀតមិនរួច។

ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។

យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ ៤០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១,៥០០ក្បាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ