ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានធ្វើការក្រើនរំលឹកដល់ ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបាត់ដំបង និងព្រៃវែង ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយចៀសឱ្យបានជាដាច់ខាតនូវការប្រព្រឹត្ត សកម្មភាពមិនគប្បី ទៅលើប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសក្រុមការងារកិត្តិយសសម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង, ប្រធានកិត្តិយស នៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំងសាមគ្គីបំពេញភារកិច្ច បំរើជាតិ និងប្រជាជន ជាពិសេស នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្នុងមូលដ្ឋានខេត្ត ដូចជា គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ជាដើម។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សូមក្រើនរំលឹកក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ត្រូវខិតខំធ្វើអំពើល្អជា មួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយចៀសឱ្យបានជាដាច់ខាតនូវការប្រព្រឹត្តសកម្មភាពមិន គាប្បីទៅលើប្រជាពលរដ្ឋ ដោយសម្ដេចបានផ្ដល់ការប្រៀបធៀបថា ទាំងអំពើល្អ និងអំពើអាក្រក់ ប្រៀបបានទៅនឹង ស្រមោលអន្ទោលតាមប្រាណ ពោលគឺប្រសិនណាបើយើងធ្វើអំពើល្អ នោះយើងនឹងជួបអំពើល្អច្រើននៅក្នុងជីវិត ប៉ុន្តែប្រសិនបើយើងប្រព្រឹត្តតែអំពើអាក្រក់មិនគប្បីនោះនឹងចៀសមិនផុតពីការជួបរឿងរ៉ាវមិនល្អជាក់ជាមិនខានឡើយ»។

សម្ដេចក្រឡាហោម ក៏ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានការអត់ធ្មត់ខ្ពស់ ក្នុងការអនុវត្តវិធានការដាក់ ចេញដោយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេនៅក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ព្រមទាំងការអនុវត្តវិធានការ ទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងវិធានការបន្តបន្ទាប់ទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ