ក្រសួងរ៉ែ ប្រកាសថា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ សម្រាប់តម្រូវការក្នុងប្រទេស
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងរ៉ែ បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីព្រះរាជាណាចក្រថៃទាំងស្រុង។
ក្រសួង ថា «ព្រះរាជាណាចក្រកម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស»។
សូមរំលឹកថា យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះតទៅ។
សម្ដេច បន្ដថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕