លោក ស សុខា ៖ ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់ និងដំណោះស្រាយដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត
បាត់ដំបង ៖ ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ លោក ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។
បើតាម លោក ស សុខា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀត រវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺសម្ដេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ពីវេទិកានោះដែរ លោក ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មីទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធ បង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ៕