ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុនី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ មានករណីគ្រោះរន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋចំនួន២៨នាក់ និងបង្កឲ្យរងរបួស៤៦នាក់ ។

លោក សុទ្ធ គឹមកុលមុនី ថា គ្រោះថ្នាក់ធម្មតាជាតិរន្ទះបាញ់បានកើតឡើងជាច្រើនករណីនៅកម្ពុជា សម្រាប់ឆ្នាំនេះដែលមានរហូតដល់ប្រមាណជា៥០លើកនៅទូទាំងប្រទេស ។ ក្នុងនោះបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលសរុបទាំងអស់ជាង៧០នាក់ ។

លោកអ្នកនាំពាក្យគូសបញ្ជាក់ថា “ករណីរន្ទះបាញ់បានកើតឡើងច្រើនសម្រាប់ឆ្នាំ២០២៥នេះ គឺពីខែ១ដល់ខែ៥ ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន៥១លើក បានបង្កឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស៤៦នាក់ និងងាប់គោ-ក្របី៥២ក្បាល” ។

លោកបន្តថា គ្រាន់តែចូលដល់រដូវវស្សា ករណីគ្រោះរន្ទះបាញ់បានកើតឡើងជាច្រើនករណីនៅទូទាំងប្រទេស ខណៈថ្មីៗនេះបានកើតឡើងនៅតំបន់ទេសចរណ៍ដ៏សំខាន់មួយកន្លែងផងដែរ ។

ដើម្បីចូលរួមចំណែកការពារពីគ្រោះរន្ទះបាញ់នេះដែរ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ទាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភាគីពាក់ព័ន្ធបានរួមគ្នាសិក្សានៅតំបន់ងាយរងគ្រោះដោយសាររន្ទះបាញ់ ដោយបានតម្លើងបង្គោលការពាររន្ទះបាញ់នៅតំបន់មួយចំនួនដែរ ។ សម្រាប់តំបន់ទេសចរណ៍វិញ លោកថា អ្នកពាក់ព័ន្ធក៏បានសិក្សាក្នុងការតម្លើងបង្គោលការពាររន្ទះបាញ់ជាបណ្តើរៗហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ