ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានបង្ហាញការគាំទ្រឲ្យលោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បន្ដធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជនប្រជាជននៃប្រទេសទាំងពីរ។

ការលើកឡើងរបស់ លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណាត់ឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា។ ជំនួបសម្ដែងការគួរសមនេះ បានធ្វើឡើងនៅវិមានសន្ដិភាព។

ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសវិស័យសន្ដិសុខ ការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយលោកបានចាត់ទុកថា ប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មមួយដ៏ល្អ ដើម្បីជំរុញសេដ្ឋកិច្ចគ្នាទៅវិញទៅមក។

នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន បានលើកឡើងទៀតថា នាពេលកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សកិច្ចនៅប្រទេសថៃ ហើយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក៏បានមកបំពេញទស្សកិច្ចនៅកម្ពុជា ចំនួនពីរលើករួចមកហើយ។

ជាការឆ្លើយតប លោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណលោកសន្ដិបណ្ឌិត នេត សាវឿន ចំពោះការអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ព្រមទាំងកោតសរសើរកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ប្រៀបដូចជាការទៅលេងផ្ទះសាច់ញាតិជិតខាងចាស់ទុំយ៉ាងដូច្នេះដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ