ឃាត់ខ្លួនមន្ត្រីយោធានៅស្រុកពាមជ័រម្នាក់ ករណីគាស់ឃ្លាំង(រោងចក្រ)នៅខណ្ឌពោធិ៍សែនជ័យ យកលុយប្រមាណជាង៣០ម៉ឺនដុល្លារ ហើយមកសំងំលាក់ខ្លួននៅស្រុកបាភ្នំ!
(ភ្នំពេញ)៖ មុខសញ្ញាគាស់ឃ្លាំងរោងចក្រ នៅភ្នំពេញម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ ត្រូវបាននគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាននៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី០៤.១២.២០២០។
ជនសង្ស័យឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរ មន្ត្រីយោធាស្រុកពាមជ័រ នឹងមានស្រុកកំណើត នៅភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។
បច្ចុប្បន្ន មានប្រពន្ធនៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ កន្លែងឃាត់ខ្លួន។ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានបង្ហើបប្រាប់ថា ជនសង្ស័យជាមន្ត្រីយោធារូបនេះរួមនិងបក្ខពួកច្រើននាក់ទៀត ។
បានរងការចោទប្រកាន់ថា លួចគាស់(ឃ្លាំងរោងចក្រហេងយ៉ុង) ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីយប់ទី២៦.១១.២០២០ ដោយយកទ្រព្យសម្បត្តិអស់ប្រមាណជាង៣០ម៉ឺនដុល្លារ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 បង់ចំនួន២បង់ គ្រាប់១៦គ្រាប់។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ប្រគល់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕