រដ្ឋសភាបង្ហាញបញ្ជីឈ្មោះឥស្សរជន និងថ្នាក់ដឹកនាំច្រើនរូប ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា
អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានស្នើឲ្យពិចារណា និងមានវិធានការ ចំពោះតំណាងរាស្រ្ត និងមន្រ្តីរាជការ ដែលពាក់ព័ន្ឋនឹងលោក ឡូយ សុផាត ដែលបានជាប់ពាក់ព័ន្ឋផ្ទាល់ជាមួយ លោក ឆែម សាវុធ ដែលពិនិត្យឃើញថា មានមេរោគ កូវីដ-១៩។នេះបើយោងតាមលិខិតរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងថា មានឥស្សរជន និងមន្រ្តីដែលបានប្រាស្រ័យផ្ទាល់ ដែលបានហូបបាយក្នុងបន្ទប់ជាមួយគ្នា និងបានចូលរួមប្រជុំពេញអង្គរដ្ឋសភា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រជុំត្រៀមរៀបចំប្រជុំអនឡាញជាមួយចិន ក្នុងបន្ទប់ជាមួយគ្នា ដែលបាន ជួបប្រាស្រ័យជាមួយ លោក ឡូយ សុផាត។
អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងដែរថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡូយ សុផាត បានចូលរួមសម័យប្រជុំពេញអង្គដែលមានអ្នកចូលរួម ចំនួន១១៦រូប និងមន្រ្តីរាជការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល មកការពារច្បាប់មួយចំនួនទៀត៕SP