កំពង់ឆ្នាំង ៖ គិតត្រឹមព្រឹកម៉ោង៧ និង៣០នាទី ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងដល់៦៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់៤នាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

ករណីនេះក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ក៏បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាសនេះ និងបានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់ជីវិត។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សប្រុស ស្រីជាច្រើននាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ ពេលកំដរបុណ្យសព ។ ដោយឡែក អ្នកដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសង្រ្គោះនៅភ្នំពេញ  ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ