ផ្សារអ៊ីអន១ ស្ថិតនៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ត្រូវរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទជាបណ្តោះអាសន្ន នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញស្ត្រីខ្មែរម្នាក់ កើតជំងឺកូវីដ១៩។ ស្ត្រីរូបនោះ បានចូលទៅផ្សារអ៊ីអន ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្តិ បានអ្នកសារព័ត៌មាន នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានេះថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះ ក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៊ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។

លោកជំទាវ យក់ សម្បត្តិ មិនបានប្រាប់លម្អិតពីដំណើរដើមទង ដែលស្ត្រីនេះ ឆ្លងមេរោគកូវីដ១៩ទេ គ្រាន់តែលោកជំទាវ បន្ថែមថា ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ