អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំផ្ទាល់មួយជូនដល់អាជ្ញាធរមូលដ្ឋាន អោយយកចិត្តទុកដាក់ពិនិត្យ តាមដានមើលជាប្រចាំអំពីការជោឡើងនៃទឹកសមុទ្រ
នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២០នេះ លោក គួច ចំរើនអភិបាល នៃគណះអភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំផ្ទាល់មួយជូនដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុកនិងមន្រ្តីជំនាញពាក់ព័ន្ធទូទាំងខេត្ត អោយយកចិត្តទុកដាក់ពិនិត្យ តាមដានមើលជាប្រចាំអំពីការជោឡើងនៃទឹកសមុទ្រ ។
អភិបាលខេត្តបានអោយដឹងថា តាមការព្យាករណ៍កំរិតទឹកជោឡើងរហូតដល់កំពស់ 1.79 m ហើយលោកក៍បានរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក មន្ទីរជំនាញត្រួតពិនិត្យតាមតំបន់ឆ្នេរ ទំនប់ទឹកប្រៃ និងបណ្តាញផ្លូវទឹកដ៍ទៃទៀតក្រែងអាចកើតមានករណីទឹកសមុទ្រហូរកាត់ ។
សូមបញ្ជាក់ជូនជ្រាបដែរថា កន្លងមកដោយសាររងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់នៅឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុខ្លះត្រូវបានទឹកសមុទ្រនិងខ្យល់បោកបក់ធ្វើអោយហូរច្រោះខ្សាច់បាក់រំលំដើមឈើ នាំសំរាម ។នាំអោយខូចសោភ័ណ្ឌភាពឆ្នេរសមុទ្រផងដែរ ។ម្យ៉ាងវិញទៀតខេត្តព្រះសីហនុមានស្រុកចំនួន ១ គឺស្រុកព្រៃនប់ ដែលធ្វើស្រែវស្សាដោយពឹងផ្អែកលើទំនប់ការពារទឹកប្រៃ ( ទំនប់ប៉ុលឌែរ ) ដែលបង្កនាំអោយទឹកប្រៃហូរចូលតំបន់ដាំដំណាំកសិកម្ម និងការចិញ្ចឹមត្រីទឹកសាបផងដែរ ៕SP