សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បានចុះបិទទីតាំងផលិតស្រា និងលក់ស្រាស ចំនួន៩កន្លែង និង ឃាត់ខ្លួនមនុស្ស៥នាក់យកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីមានអ្នកភូមិ ពុលជាង១០០នាក់នៅក្នុងស្រុកទឹកផុស ។

លោក អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៨និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដាក់បញ្ជាដល់មន្ត្រីនគរបាលជំនាញ ឲ្យសហការជាមួយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរដែនដី បានចុះស្រាវជ្រាវសើបអង្កេតនិងធ្វើការប្រមូលវត្ថុតាងមួយចំនួន។ 

ក្នុងនោះមានស្រាសចំនួន៧១កាន មេតំបែរកន្លះគីឡូក្រាម មេកាច់សម្រាប់បិតស្រា៦,៥លីត្រ ស្រាច្រកដបទឹកសុទ្ធចំនួន១៨ដប បំផ្លាញចោលនៅនឹងកន្លែង មេកាច់សម្រាប់បិតស្រាចំនួន២១ខាប់និង១០ធុងស្ពិចត្រូល ។ ក្នុងពេលនោះសមត្ថកិច្ចចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន ទីតាំងផលិតនិងលក់ស្រាចំនួន៩កន្លែងផងដែរ ។

លោក អៀរ ប៊ុនធឿន បានឲ្យដឹងទៀតថានៅក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចឃាត់ខ្លួនបុរសជាអ្នកបិតស្រាសម្នាក់បុរសអ្នកលក់ចំនួន៤នាក់និងស្ត្រីអ្នកលក់ម្នាក់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ២០២០ ករណីសង្ស័យពុលស្រាមានមេតាណុល នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជនរងគ្រោះសរុបកើនឡើងដល់ចំនួន131នាក់ ក្នុងនោះមានអ្នកស្លាប់7នាក់៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ