គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលហៅកាត់ថា NOCC បានប្រកាសលើកពេល នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ នៅខេត្តសៀមរាប ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខហើយ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង ដែលរកឃើញក្នុងក្រុមគ្រួសាររបស់អគ្គនាយកពន្ធធនាគារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញ។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលហៅកាត់ថា NOCC  បានប្រកាសថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នៅខេត្តសៀមរាប នៅថ្ងៃទី០៦ ខែធ្នូ ត្រូវបានលើកពេលទៅថ្ងៃក្រោយហើយ ដោយសារការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី១  ហើយដើម្បីចៀសវាងនូវហានិភ័យនេះ គណៈកម្មការរៀបចំ និងលោក ថោង ខុន បានសម្រេចក្នុងការលើកពេល ទម្រាំដល់ពេលស្ងប់ស្ងាត់វិញ យើងនឹងផ្ដល់ព័ត៌មានតាមក្រោយ។

លោកវ៉ាត់ ចំរើន បន្ដថា ហេតុនេះ យើងសូមអំពាវនាវ និងសូមអភ័យទោស ចំពោះអ្នកចុះឈ្មោះរត់ទាំងអស់ ដែលត្រៀមរត់នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូហ្នឹង សូមមេត្ដាជ្រាប និងចូលរួមទប់ស្កាត់ការរីករាលដាលចូលសហគមន៍ នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។ ចឹងសូមឲ្យគណៈកម្មការរៀបចំ អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាបទាំងអស់ជ្រាបព័ត៌មាន  ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ