រដ្ឋបាលសាលាក្រុង ព្រមានអ្នកដើរបិទស្ទីកគ័រ ប្រតេកប្រតាកពេញផ្លូវសាធារណៈ មិនតែប៉ុណ្ណោះដើរបិទមុខផ្ទះគេ ដែលទើបលាបថ្នំាថ្មីៗ ធ្វើអោយម្ចាស់ រអ៊ូរទាំ ជួនកាលខលជេរប្រទិចក៍មានដែរ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីជូនដំណឹងព្រមានពិន័យដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការបិតផ្សាយបណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ មកហើយដែរ ប៉ុន្តែបច្ចុប្បន្ន នៅតែមានអង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ ក្រុមហ៊ុននានា បន្តធ្វើការចងផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិត្តប័ណ្ណ តាមភ្លើងស្តុប បិតផ្សាយព័ត៌មាន ប័ណ្ណផ្សាយពាណិជ្ជកម្ម នៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន គូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួន ផ្សព្វផ្សាយផលិតផលផ្សេងៗនៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដាក់ឆត្រ តាមដងផ្លូវសាធារណៈចែកស៊ីមកាត ព្រមទាំងចែកខិត្តប័ណ្ណផ្សេងៗ ដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ ដដែល។
ពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីភ្នំពេញ រួមទាំងរដ្ឋបាលខណ្ឌ សាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់សហការឃ្លាំមើល និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនដែលបានប្រព្រឹត្តនូវសកម្មភាពអវិជ្ជមានទាំងនេះ ហើយត្រូវធ្វើការអប់រំ ឬតម្រូវឲ្យចុះកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចឲ្យបានច្បាស់លាស់ ព្រមទាំងតម្រូវឲ្យចុះប្រមូល ឲ្យបានស្អាតនូវសម្ភារៈ ដែលបានបង្កឲ្យបាត់បង់សោភ័ណភាព និងរបៀបរៀបរយសង្គម ។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងករណីមិនរាងចាល ត្រូវធ្វើការផាកពិន័យទៅតាមស្ថានទម្ងន់ទោស ដែលសាម៉ីជនបានប្រព្រឹត្ត ឬផ្អាកអាជីវកម្ម ក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនខ្លួនទៅតុលាការ ៕