ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា យោងតាមលទ្ធផលរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ នោះទេ។ 

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ វិច្ឆិកា បានឲ្យដឹងថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយផ្ទាល់ ឬដោយប្រយោល បានធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារ អគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថា ជាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ