នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរ កម្ពុជា ដែលរក្សាបានស្ថិរភាពសេដ្ឋកិច្ច និងសង្គម ក្នុងពេលវិបត្តិកូវីដ១៩
ភ្នំពេញ៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គម ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ នៅលើពិភពលោក ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដើម្បីពិភាក្សា អំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។
ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការពេញចិត្ត លើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យ កាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។
នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់នូវសារសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្ត នៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានា នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថា ហេតុឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាង សាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយ ពេញចិត្តដែលកម្ពុជា និងវៀតណាម បានគ្រប់គ្រង ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលវៀតណាមដែល បានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួល ឲ្យនិស្សិតកម្ពុជារាប់រយនាក់ បានត្រឡប់ទៅសិក្សា នៅប្រទេសវៀតណាមវិញ។ នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល រីករាលដាល នៃជំងឺរាតត្បាតក្នុងពិភពលោក៕EB