មណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗ និងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញ និងបានដាក់ឈ្មោះប្រភេទដើមឈើថ្មីទាំងពីរប្រភេទដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។ 

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះ ចូលទៅក្នុងបញ្ជីក្រហម របស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះ កំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះមានចំនួនតិចតួច នៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះតែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុក នៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ