ភ្នំពេញ  ៖  សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា  បាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប  ដើម្បីបើកការដ្ឋានសាងសង់ផ្លូវ  នៅថ្ងៃទី៣០  ខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ ។

យោងគេហទំព័រហ្វេសប៊ុករបស់  សម្ដេច តេជោ  ហ៊ុន  សែន  នៅព្រឹកថ្ងៃទី២៨  ខែវិច្ឆិកា  ឆ្នាំ ២០២០  បានឲ្យដឹងថា  ព្រឹត្តិការណ៍  ៣វិច្ឆិកា  ដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ  នៅក្រុងសៀមរាប។

សម្តេចតេជោ  មានប្រសាសន៍ថា  «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ»

ជាងនេះទៅទៀត  សម្ដេច តេជោ  ហ៊ុន  សែន  ក៏បានបញ្ជាក់ថា ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលសម្ដេចផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។

សូមរំលឹកថា ការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាបនេះ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ ៖ ប្រភេទទី១-ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ,ប្រភេទទី២-ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ,ប្រភេទទី៣-ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ