ភ្នំពេញ  ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានក្រុមគ្រូពេទ្យ យកសំណាក ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ រួចហើយ ខណៈសម្ដេច ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល ប៉ុន្តែនៅបន្តបំពេញ ភារកិច្ចពិនិត្យសម្រេច លើសំណើរ និងសំណូមពរនានា ពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតា។

តាមរយៈសារផ្ញើជូន បងប្អូនជនរួមជាតិ នៅលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ វិច្ឆិកា នេះ សម្ដេច ស ខេង បានលើកឡើងថា  «ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើតេស្ត រកមេរោគ កូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី»។ 

សម្ដេច បន្ដថា  នៅក្នុងកិច្ចប្រជុំ អន្តរក្រសួងនាថ្ងៃនោះ លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុល សម្លាប់មេរោគ  ព្រមទាំងអ្នកចូលរួម អង្គប្រជុំផ្សេងទៀតដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលប្រជុំនោះ គាត់បានបង្ហើបម៉ាស់ ចេញពីមាត់ ចំនួន១ដង ដើម្បីមានមតិខ្លីមួយ។

សម្ដេច បន្ថែមថា  បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេច ក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង លោក ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នា ខ្លីមួយម៉ាត់ពីរ មុនពេលសម្ដេចចាកចេញ ពីបន្ទប់ប្រជុំ។ ក្រោយពីកិច្ចប្រជុំនោះដែរ តាមព័ត៌មាន ដែលសម្ដេចទទួលបាន លោក ឆែម សាវុធ ក៏បានបន្តបំពេញ ការងារជាធម្មតា និងបានធ្វើដំណើរ ទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ ដំណើរការផ្ទេរអ្នកទោស ដែលបានផ្ទេរចេញមួយរយៈ ដោយសារជំនន់ទឹកភ្លៀងនោះ ចូលមកកាន់ពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញ ផងដែរ ។

សម្ដេច ស ខេង បានបញ្ជាក់ថា ” ជាប្រការគួរឱ្យសោកស្ដាយណាស់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈ មិនស្រួលខ្លួន រយៈពេលជាងមួយសប្ដាហ៍ហើយ លទ្ធផលជាបន្តបន្ទាប់ ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកចំនួនទៀត ក៏បានឆ្លងជំងឺនេះដែរ។ ដូច្នេះគឺជាការចាំបាច់បំផុត ដែលខ្ញុំត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។

ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ច ពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានា ពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិ ជាធម្មតា តាមរយៈគេហទំព័រ ហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែក នៅផ្ទះរបស់ខ្ញុំ”។

ជាមួយគ្នានោះ សម្ដេច សូមអំពាវនាវថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព ក្នុងរយៈពេល១៤ថ្ងៃ ឱ្យបានច្បាស់លាស់បំផុត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ